ទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៤បានបង្ហាញថា ចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ៣៦ ប៊ីលានដុល្លារអាម៉េរិក កើនឡើងជាង១៦,៥% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសម្រេចបានទឹកប្រាក់ជាង ៣៦ ប៊ីលានដុល្លារអាម៉េរិក ទិន្នន័យដដែលបង្ហាញថា ទំនិញនាំចេញមានទំហំទឹកប្រាក់ ១៧,៥៨ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៦,៧% ចំណែកឯទំនិញនាំចូលពីក្រៅប្រទេសមានទំហំទឹកប្រាក់ចំនួន ១៨,៩០ ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៦,២%។ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤នេះថា ក្រសួងពាណិជ្ជកម្មកំពុងខិតខំប្រឹងប្រែងបន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងការធ្វើពិពិធកម្មមុខទំនិញនាំចេញឱ្យរក្សាអាទិភាពចំពោះទំនិញនាំចេញក្រៅពីកសិផលយើង មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និង ទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិតភាពនៃផលិតកម្ម។ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់សារព័ត៌មានក្នុងស្រុកថា តម្រូវការនៅអឺរ៉ុបនិងអាម៉េរិកបានធ្វើឱ្យការនាំចេញរបស់កម្ពុជាមានកំណើន។ ម្យ៉ាងទៀត ដោយសារតែរោងចក្រសហគ្រាសនៅក្នុងផ្នែកកម្មន្តសាលមួយចំនួនបានផ្ទេរពីការផលិតតែសម្លៀកបំពាក់ទៅលើទំនិញផ្សេងៗទៀត ដែលនាំឱ្យកម្ពុជានៅតែមានឧត្តមានុភាពនៅក្នុងការនាំចេញ ខណៈទំនិញកម្ពុជានៅតែមានភាពប្រកួតប្រជែង ក្នុងនោះរួមមានសម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និង ផលិតផលធ្វើពីកៅស៊ូនិងគ្រឿងសង្ហារិមជាដើម៕ |
Powered by 2021